Goldena’s Weblog

អត្ថបទ ពី ខែ មករា 2008

ផ្ទះខ្ញុំធូលីច្រើនដល់ហើយ !

ខែ មករា 30, 2008 · 30 វិចារ

       រយៈពេល​ជាង​មួយ​ខែ​ហើយ​ដែល​ខ្ញុំ​បាន​ដើរ​ចោល​ផ្ទះ​ ! មើល​ចុះ ធូលី​ច្រើន​ដល់​ហើយ ! គ្រឿង​សង្ហារិម​ទាំងឡាយ​បាត់​បង់​អស់​ភាព​ប្រណិត ហើយ​ពីងពាង​ក៏​តាំង​ខ្លួន​ជា​ម្ចាស់​ផ្ទះ​ទៀត ! ហ៊ឺ​ ! បើ​ដូច​នេះ​ ផ្ទះ​មួយ​ខ្នង​នេះ​នៅ​តែ​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ​ទៀត​ទេ​ហ្ន៎ ?       អុញ ! ដាន​ជើង​អ្នកណា​ខ្លះ​ហ្នឹង ? បើ​តាម​សង្កេត​លើ​ដាន​ជើង​នីមួយ​ៗ​ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា​ មាន​មនុស្ស​ប្រមាណ​ជា​ 4 ទៅ​ 5ទៅ​ ៤ា​ មាន​មនុស្ស​ប្រមាណ​ជា​ ៣ នាក់ ដែល​បាន​ចូល​មក​ក្នុង​ផ្ទះ ។ តើ​ពួក​គេ​ជា​អ្នកណា​ខ្លះ​ហ្នឹង ? ពេល​ខ្ញុំ​មិន​នៅ​ផ្ទះ​ តើ​មាន​រឿង​អ្វី​កើត​ឡើង ? តើ​ចូល​មក​នេះ​ក្នុង​បំណង​អ្វី​ឲ្យ​ពិត​ប្រាកដ ? តែ​បើ​មើល​ឲ្យ​បាន​ដិតដល់​លើ​ដាន​ជើង​ទាំងនោះ​ គឺ​គ្មាន​អ្វី​ចម្លែក​នោះ​ទេ គឺ​ដើរ​តាម​ដំណើរ​ថ្មើរ​ជើង​ធម្មតា​ មិន​ប្រញាប់​ប្រញាល់​ មិន​លិប​ល​  អូ ! ដាន​ជើង​បង​ៗ​និង​មិត្តភ័ក្ដិ​ របស់​ខ្ញុំ​ទេ​តើ ! ខំ​តែ​ភ័យ !
        អវត្ដមាន​ពី​ផ្ទះ​នេះ គឺ​មូលហេតុ​ទាក់​ទង​នឹង​ការ​ប្រលង ដូចនេះ​ពិត​ជា​គ្មាន​ពេល​វេលា​ចំណាយ​ជាមួយ​នឹង WordPress ទៀត​ទេ ជា​ពិសេស​គឺ​ការ Update ប្លក់​នេះ​តែ​ម្ដង ! សង្ឃឹម​ថា​អ្នក​ទាំងអស់​គ្នា​មិន​ប្រកាន់​ខឹង​ចំពោះ​ការ​បាត់​មុខ​ពី​ពិភព​ប្លក់​របស់​ខ្ញុំ​នោះ​ទេ ហើយ​ក៏​សង្ឃឹម​ដែរ​ថា​ បង​ៗ​នឹង​នៅ​តែ​ចាំ​មុខ​ប្អូន​ស្រី​ម្នាក់​នេះ ដូច​ដែល​ប្អូន​នៅ​តែ​ចាំ​បង​ៗ​ដូចគ្នា​ !
ថ្មី​ៗ​នេះ​មាន​រឿង​អ្វី​កើត​ឡើង​ក្នុង​សហគមន៍​ប្លក់​របស់​យើង​ខ្លះ​ទៅ ? ដឹង​ត្រឹម​តែ​មាន​សមាជិក​ WordPress  ខ្លះ​បាន​ប្ដូរ​អាសយដ្ឋាន​ ហើយ​ក្រៅ​ពី​នោះ គឺ​ងងឹត​ស្លុប​ដូច​ដាច់​ចរន្ត​អគ្គិសនី​នា​ពេល​រាត្រី​អ៊ីចឹង ! សូម​មេត្តា​រ៉ាយរ៉ាប់​ប្រាប់​ខ្ញុំ​ផង !
       និយាយ​ពី​ផ្ទះ​មួយ​នេះ​វិញ​ ខ្ញុំ​មិន​ដែល​មាន​គំនិត​ចង់​បោះ​បង់​វា​នោះ​ទេ ព្រោះ​វា​ជា​របស់​តែ​ម្យ៉ាង​គត់​ដែល​នាំ​ឲ្យ​ខ្ញុំ​បាន​ស្គាល់​បង​ៗ​និង​មិត្ត​ៗ​ទាំងអស់​គ្នា ។ រយៈ​កាល​កន្លង​មក​នេះ សូម​អរគុណ​រាល់​សន្ដាន​ចិត្ត​ស្រលាញ់​រាប់អាន​ខ្ញុំ​ដូច​បងប្អូន​សាច់​ឆ្ងាយ​ម្ដាយ​ទីទៃ​អ៊ីចឹង​ដែរ ! និយាយ​លេង​ទេ​ តែ​ជា​ការ​ពិត !
       ឆ្លៀត​ឱកាស​នេះ​ដែរ ( ព្រោះ​ពុំ​មាន​ឱកាស​ឲ្យ​ឆ្លៀត​ទៀត ) សូម​ជូនពរ​អ្នក​រាល់​គ្នា​ឲ្យ​ជួប​ប្រទះ​តែ​សេចក្ដី​សុខ​ ចម្រុងចម្រើន​ ជា​ពិសេស​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ​តែ​ម្ដង !   
 祝你们
  新年快乐 !恭喜发财 !红包大大来 !心想事成 !和 万事如意  !

                                                                                                                         ម្ចាស់​ប្លក់ ៖ សុវណ្ណ​រចនា

ចំណាត់ក្រុម ៖ Uncategorized

Rain និង Tata Young

ខែ មករា 6, 2008 · 13 វិចារ

Rain និង Tata Young​ ជាប់​ឈ្មោះ​ជា​តារា​ល្បី​មួយ​គូ​នៅ​អាស៊ី ៖
            តារា​ចម្រៀង​ដ៏​ល្បី​របស់​កូរ៉េ​និង​ថៃ​គឺ Rain ( Jung Ji Hoon )  និងTata Young បាន​ប្រកាស​ថា​ខ្លួន​នឹង​ជួយ​ធ្វើ​ការ​ផ្សព្វផ្សាយ​ និង​ អំពាវនាវ​ក្នុង​កម្មវិធី​នានា​ក្នុង​ទូរទស្សន៍​ MTV ដើម្បី​​រួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រកស៊ី​ជួញ​ដូរ​មនុស្ស ។​ តារា​ទាំង​ពីរ​ដួង​នេះ​បាន​និយាយ​បា្រប់​សារ​ព័ត៌មាន​មួយ​របស់​ហុងកុង​ថា​ពួក​គេ​មាន​ការ​ស្អប់​ខ្ពើម​និង​មាន​ការ​ឈឺ​ចាប់​ជា​ខ្លាំង​ដែល​មនុស្ស​ធ្វើ​ការ​ជួញ​ដូរ​លើ​កម្លាំង​ញើស​ឈាម​របស់​មនុស្ស​ដូច​គ្នា​យ៉ាង​នេះ ។ ពួក​គេ​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ក្នុង​កម្មវិធី​ឯកសារ​និង​កម្មវិធី​​ផ្សេង​ៗ​ទៀត​ដែល​ពួក​គេ​ទទួល​ខុស​ត្រូវ​ក្នុង​ទូរទស្សន៍​ MTV ដើម្បី​ជា​ការ​ក្រើន​រំលឹក​ដល់​មនុស្ស​ទាំងឡាយ​ឲ្យ​ចេះ​ប្រុង​ប្រយ័ត្ន​ខ្លួន​ ចៀសវាង​ការ​ចាញ់​បោក​ពួក​ឈ្មួញ​ទុច្ចរិត​ដែល​តែង​តែ​ប្រើ​វិធី​ស្មោក​គ្រោក​រាប់​មិន​អស់​ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី​មនុស្ស​ដូចគ្នា​ ។ លើស​ពី​នេះ​ពួក​គេ​ចង់​ឲ្យ​ជន​ដែល​ធ្លាប់​ប្រព្រឹត្តិ​ខុស​ឆ្គង​ទាំង​អំបាល​ម៉ាន​នេះ​ងាក​មក​ដើរ​ផ្លូវ​ល្អ​ប្រពៃ​វិញ ។ ពួក​គេ​បាន​ឲ្យ​និយមន័យ​នៃ​ការ​ជួញ​ដូរ​មនុស្ស​នេះ​ថា​ជា​ការ​បង្កើត​ឲ្យ​មាន​វណ្ណៈ​ទាសភាព​សម័យ​ទំនើប​ ។ 
             អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា​ករណី​ជួញ​ដូរ​មនុស្ស​ដូចជា​ស្ត្រី​ និង​កុមារ​ដើម្បី​បម្រើ​សេវា​កម្ម​ផ្លូវ​ភេទ​និង​ធ្វើការ​ជា​ទម្ងន់​ច្រើន​តែ​ត្រូវ​បាន​គេ​នាំ​ចូល​ទៅ​ប្រទេស​ថៃ​ ។ ប្រទេស​អូស្ត្រាលី​ ហុងកុង​ ចិន ជប៉ុន​ កូរ៉េ និង​តៃ​វ៉ាន់​ សុទ្ធ​តែ​ជា​ប្រទេស​ដែល​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ការ​ជួញ​ដូរ​មនុស្ស​ពី​ប្រទេស​ម៉ាឡេស៊ី​ និង​ហ្វីលីពីន​ផង​ដែរ ។ អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា​ការ​ជួញ​ដូរ​មនុស្ស​ឲ្យ​ធ្វើ​ជា​ស្រី​ពេស្យា និង​ធ្វើការ​ខុស​ច្បាប់​ជា​ជំនួញ​ដ៏​កាក់កប​ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ពី​ ៧ ទៅ ១០ លាន​កោដ្ឋ​ដុល្លារ ជា​រៀង​រាល់​ឆ្នាំ ទោះ​បី​ជា​អង្គការ​អន្តរជាតិ​នានា​ខិតខំ​ចាត់​វិធានការណ៍​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​អសកម្ម​នេះ​កម្រិត​ណា​ក៏​ដោយ​ក៏​ស្ថានភាព​នៅ​តែ​យ៉ាប់​យ៉ឺន​ដដែល​ដរាប​ណា​នៅ​តែ​មាន​មនុស្ស​ខ្វះ​ការ​ភ្ញាក់​រលឹក​និង​មិន​មាន​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ៕
rain17.jpg
tata-young18.jpg
rain15.jpg
tata-young11.jpg

ចំណាត់ក្រុម ៖ Uncategorized
បានដាក់ប្លាក ៖ ,

លាហើយ 2007 ! 2008 មកដល់ហើយហ៎ ?

ខែ មករា 1, 2008 · 9 វិចារ

happynewyear1.gif          
        
         
 ៣៦៥​ ថ្ងៃ​ក្នុង​ឆ្នាំ​ ២០០៧ នេះ​មាន​រឿង​រ៉ាវ​ជា​ច្រើន​កើត​ឡើង​ក្នុង​ជីវិត​របស់​ខ្ញុំ​ មាន​ទាំង​រឿង​ល្អ​និង​រឿង​អាក្រក់​លាយ​ឡំ​គ្នា​ជាមួយ​សំណើច​និង​ទឹកភ្នែក តែ​យ៉ាងណា​ក៏​អរគុណ​អ្នក​ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​មាន​ជីវិត​រស់រាន​បន្ថែម​បាន​មួយ​ឆ្នាំ​ទៀត ! បទពិសោធន៍​ជា​ច្រើន​ដែល​ខ្ញុំ​បាន​ទទួល​ក្នុង​ឆ្នាំ​ ២០០៧ នេះ​ព្រម​ជាមួយ​កំហុស​ជា​ច្រើន​ផង​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ច្បាស់​ថា​ខ្លួន​ខ្ញុំ​នេះ​ពុំ​មែន​ជា​មនុស្ស​ល្អ​ណាស់​ណា​ទេ គឺ​នៅ​តែ​មាន​កំហុស ហើយ​ទង្វើ​ជា​ច្រើន​គឺ​នៅ​តែ​មិន​ពេញ​ភ្នែក​អ្នក​ទាំង​អស់​គ្នា​ទោះ​បី​ជា​ខ្ញុំ​គិត​ថា​ខ្លួនឯង​បាន​ព្យាយាម​រួច​ទៅ​ហើយ ។ ដូចនេះ​ជា​លទ្ធផល​គឺ​ខ្ញុំ​បង្វែរ​ការ​គិត​ និង​គំនិត​អាត្មានិយម​របស់​ខ្លួន​ឯង​ដែល​ពីមុន​ចូលចិត្ត​តែ​ទាមទារ​ឲ្យ​គេ​គ្រប់​គ្នា​បំពេញ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​នោះ​ ដោយ​ឈប់​មាន​អារម្មណ៍​បែប​នេះ​ទៀត​ហើយ គឺ​គិត​ពី​អារម្មណ៍​របស់​គេ​គ្រប់គ្នា​ដែរ​ចំពោះ​ការ​ទាមទារ​របស់​ខ្លួន​ ម្យ៉ាង​ខ្លួន​ខ្ញុំ​នេះ​ក៏​មិន​អាច​បំពេញ​បាន​គ្រប់​តាម​អ្វី​ដែល​គេ​គ្រប់​គ្នា​ត្រូវការ​ដែរ ។
          និយាយ​អញ្ចឹង​ មាន​អ្នកណា​បាន​រាប់​ថយ​ក្រោយ​ដើម្បី​ទទួល​ស្វាគមន៍​ឆ្នាំ​ថ្មី​ ២០០៨ នេះ​ទេ ? អារម្មណ៍​ដែល​បាន​រាប់​លេខ​ថយ​ក្រោយ​នេះ​គឺ​ពិត​ជា​រំភើប​​និង​អស្ចារ្យ​ណាស់​សម្រាប់​រូប​ខ្ញុំ​ ព្រោះ​ខ្ញុំ​បាន​រាប់​ថយ​ក្រោយ​ជាមួយ​និង​មនុស្ស​ពិសេស​របស់​ខ្ញុំ​ម្នាក់​ដែល​ខ្ញុំ​ស្រលាញ់​និង​គោរព​អស់​ពី​បេះដូង នោះ​គឺ​អ្នក​ម៉ាក់​របស់​ខ្ញុំ !

ចំណាត់ក្រុម ៖ Uncategorized